ប្រធាន៖ មានទស្សនៈមួយលើកឡើងថា៖ “វប្បធម៌ខ្មែរបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ”។ ចូរបកស្រាយដោយលើកឧទាហរណ៍នៅក្នុងប្រវត្តិសាស្ត្រ សង្គម អក្សរសិល្ប៍មក បញ្ជាក់។

​ គ្រប់ជាតិសាសន៍ទាំងអស់មាននូវគ្រឿងសម្គាល់ផ្សេងៗ ដែលជាការបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់មនុស្សដទៃនៅក្នុងពិភពលោក។ យ៉ាងណាមិញ ប្រទេសកម្ពុជាយើង គឺជាជាតិសាសន៍មួយក្នុងចំណោមប្រទេសនានាលើពិភពលោក ពិសេសនៅជ្រោយឥណ្ឌូចិន គឺជាប្រទេសមួយដែលមាន វប្បធម៌ អរិយធម៌ចំណាស់ជាងរាប់ពាន់ឆ្នាំមកហើយៗ។ ជាប្រទេសដែលមានកេរ្តិ៍ឈ្មោះ បោះសំឡេងលើផ្នែកវប្បធម៌ទៀតផង។ ដោយយល់ឃើញដូចនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា៖ “វប្បធម៌ខ្មែរបង្ហាញពី អត្តសញ្ញាណជាតិខ្មែរ”។

​​ តើទស្សនៈខាងលើបានបង្កប់នូវអត្ថន័យនិងខ្លឹមសារអ្វីខ្លះ?  

ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើ យើងគប្បី យល់នូវពាក្យគន្លឹះ “វប្បធម៌ អត្តសញ្ញាណជាតិ” និងអត្ថន័យនៃប្រធានជាមុនសិន។  កន្សោមពាក្យ​ វប្បធម៌ គឺការសាបព្រោះនូវចំណេះដឹង​ ឬការបណ្តុះផ្សាំងតាមរយៈការសិក្សាអប់រំ ឬអ្វីៗដែលធ្វើឲ្យមានការរីកចម្រើនលូតលាស់គ្រប់វិស័យ។ ចំណែក អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់របស់ជាតិតាំងពីដើមរៀងមក។ អត្ថន័យប្រធានមានន័យថា គ្រឿងសម្គាល់របស់ជាតិដែលរួមមាន ប្រពៃណី ជំនឿ សាសនា ផ្នត់គំនិត របាំ ទំនៀមទម្លាប់ សំណង់ ស្ថាបត្យកម្មបុរាណ អក្សរសាស្ត្រភាសា អក្សរសិល្ប៍ត្រូវបានចាត់ទុកជាវប្បធម៌។

         ជាការពិតណាស់ ប្រទេសនីមួយៗ ឬជនជាតិនីមួយៗសុទ្ធតែមានវប្បធម៌សម្រាប់ជាតិសាសន៍របស់ខ្លួនយ៉ាងច្បាស់លាស់ទោះបីគេទៅរស់នៅទីណាក៏ដោយ។ ដោយសារតែការភ្ជាប់គ្នារវាងវប្បធម៌ដែលបានកត់ត្រាពីអតីតកាលដោយមានលក្ខណៈនៃការរស់នៅ​ និងបែបបទជាច្រើនផ្សេងៗគ្នា។ បើក្រឡេកទៅមើលវប្បធម៌ខ្មែរយើងវិញ គឺបានផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា ជួយផ្សព្វផ្សាយ និងលើកតម្កើងអរិយធម៌ជាតិលើឆាកអន្តរជាតិដែលប្រទេសដទៃមិនអាចចម្លងបាន។ វប្បធម៌ខ្មែរក៏មានទំនាក់ទំនងទៅនឹងប្រវត្តិសាស្ត្រតាមសម័យកាលនីមួយៗដែលបង្កើតបានជាកំណត់ត្រាដ៏សំខាន់សម្រាប់សម្គាល់ជាតិដែរ។ យ៉ាងណាមិញ ប្រជាជនខ្មែរយើងនាសម័យអង្គរមានគំនិតច្នៃប្រឌិត​ និងមានវិស្វកម្មកម្រិតខ្ពស់អស្ចារ្យក្រោមការដឹកនាំរបស់ព្រះបាទសូរិយវរ្ម័នទីពីរ និងព្រះបាទជ័យវរ្ម័នទីប្រាំពីរ។ អាណាចក្រខ្មែរបាន រីកចម្រើនលូតលាស់គ្រប់វិស័យ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនព្រមទាំងកសាងប្រាសាទធំៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំជីសូរ។ ស្ថាបត្យកម្មសម័យអង្គរនេះ មានរចនាបទភ្នំគូលែន រចនាបថព្រះគោ រចនាបថព្រះកែវ រចនាបទបាខែន។ ខ្មែរជាជាតិសាសន៍ឧស្សាហ៍ព្យាយាមរៀនសូត្រ មានគម្ពីរក្បួនខ្នាត អក្សរសិល្ប៍ អក្សរសាស្ត្រ ច្បាប់ មានមហាវិទ្យាល័យ មន្ទីរពេទ្យ សាលា ដំណាក់ អ្នកប្រាជ្ញ កវី បណ្ឌិត។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ព្រះនាងឥន្ទ្រទេវី គឺជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទីប្រាំពីរ ដែលព្រះនាងជាអ្នកក្រើនរំឭកដាស់តឿនឲ្យព្រះបាទជ័យវរ្ម័នទីប្រាំពីរគ្រប់គ្រងនគរដោយទសពិធរាជធម៌។ ព្រះនាងបានកសាងសាកលវិទ្យាល័យអក្សរសាស្ត្រជាតិបានរីកចម្រើនលូតលាស់ដោយបង្កើតសាលាបាលីជាន់ខ្ពស់ បង្កើតវង់ល្ខោនជាដើម។ ព្រះនាងក៍ជាអ្នកនិពន្ធ សិលាចារឹក និងមានជំនាញផ្នែកភាសាសំស្ក្រឹត និងបរិមត្ថវិជ្ជា និងយកចិត្តទុកដាក់ទៅលើស្ត្រីភេទជាខ្លាំង។ ក្នុងសម័យនោះ គេឃើញមានបណ្ឌិតសិវសោម យតិអមរភាវ ទិវាករ ករិន្រ្ទ ភូបេន្រ្ទ។ ម្យ៉ាងទៀត ព្រះនាងលីវយីមានគុណសម្បត្តិច្រើនអណ្ណែតទាំងចំណេះដឹង ភាពក្លាហាន ឆន្ទៈជាតិនិយម រូបសម្បត្តិ និងពូជពង្សក្នុងការបង្រួបបង្រួមជាតិ ព្រមទាំងការបង្កើនតម្លៃស្ដ្រីក្នុងបរិបទវប្បធម៍ជាតិ។ ព្រះនាងលីវយីក៏បានលើកស្ទួយភាសាជាតិ អក្សរ សាស្ត្រ អក្សរសិល្ប៍ ព្រមទាំងលើកតម្កើងស្ត្រីនាសម័យអង្គរផងដែរ។ ព្រះនាងជាម្ចាស់ក្សត្រីនៃនគរដំបូងគេ ហើយក៏ជាស្ដេចស្រីដំបូងគេនៅនគរហ្វូណនផងដែរ។ ជាក់ស្ដែងបើយើងក្រឡេកមកមើលសង្គមខ្មែរបច្ចុប្បន្ន យើងឃើញថាប្រជាជនខ្មែរគ្រប់រូបមិនថាប្រុស​ស្រី ក្មេង ឬចាស់នោះទេ ម្នាក់ៗគឺសុទ្ធតែបានខិតខំប្រឹងប្រែងថែរក្សា ការពារវប្បធម៌ អរិយធម៌ ដែលជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ យើងឃើញថាមានកូនខ្មែរជាច្រើនបានបង្ហាញនូវអត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិតាមរយៈការចែករំលែកវប្បធម៌ សិល្បៈ របាំ ការ ប្រកួតប្រជែងជាច្រើនរាប់មិនអស់។ មួយក្នុងចំណោមការប្រកួតប្រជែងទាំងអស់ យើងឃើញ​ថាមានការប្រកួតប្រជែងបវរកញ្ញាអន្តរជាតិដែលកូនខ្មែរបានពាំនាំឈុតតំណាងជាតិ មានវីដេអូរបស់ប្រទេសនានាបូករួមជាមួយសម្លៀកបំពាក់ដែលកែច្នៃឡើងដោយស្នាដៃកូនខ្មែរ រំលេចនូវវប្បធម៌ អក្សរសាស្ត្រដ៏ល្អគ្មានពីរនៅលើសម្លៀកបំពាក់ដែលបវរកញ្ញាស្លៀកចូលទៅប្រកួតនៅឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកដឹងថា នេះជាអត្តសញ្ញាណជាតិរបស់ខ្មែរ។ លើសពីនេះទៅទៀត ខ្មែរជំនាន់ក្រោយជាច្រើនបាននិពន្ធរឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិសាស្ត្រដើម្បីយកទៅប្រកួតក្នុងមហោស្រពពិភពលោក។ មិនត្រឹមតែនិពន្ធរឿងប៉ុណ្ណោះទេ កូនខ្មែរក៏បាននិពន្ធបទចម្រៀងដែលមានអត្ថន័យទាក់ទងទៅនឹងវប្បធម៌ សិល្បៈ ជាពិសេសបទចម្រៀងទាំងនោះបានបង្ហាញពីល្បែងប្រជាប្រិយខ្មែរ សម្លៀកបំពាក់ សិលាចារឹក​របាំ​ សិល្បៈ ចម្រៀង អាយ៉ៃឆ្លើយឆ្លងដែលទាំងនោះគឺសុទ្ធតែជាអត្តសញ្ញាណខ្មែរ។ ដោយឡែកក្នុងអក្សរសិល្ប៍រឿង “ភូមិតិរច្ឆាន” អ្នកនិពន្ធបានលើកយកតម្លៃរបស់ជាតិមកបង្ហាញក្នុង ដំណើររឿងទាក់ទងនឹងសីលធម៌ ជំនឿ ទំនៀមទម្លាប់ សាសនា និងអ្វីៗដែលជាអត្តសញ្ញាណជាតិ ដើម្បីបណ្តុះគំនិតស្រឡាញ់ អភិរក្ស ការពារ អភិវឌ្ឍអរិយធម៌របស់ជាតិ។ ទាក់ទងទៅនឹងរឿងនេះដដែល  តាមរយៈជំនឿជាទូទៅខ្មែរយើងតែងតែជឿទៅលើវត្ថុស័ក្តិសិទ្ធិមានទម្លាប់ក្នុងការបន់ស្រន់បួងសួង ដូចករណីពួកទាហានកើតជំងឺគ្រុន ចុករាក គ្រុនក្ដៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមាត់កនិយាយផ្ដេសផ្ដាស ដែលមិនគោរពវត្ថុស័ក្តិសិទ្ធិនៅក្នុងវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់នេះ​ គេឃើញមាននារីខ្មែរខ្លះដែលមាន​សង្សារចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំង បានបន់ស្រន់ដល់ព្រះអង្គដងកាលឲ្យគ្រួសារ សង្សារដែលជួយច្បាំងបារាំង ព្រោះបារាំងមានជម្លោះជាមួយអាល្លឺម៉ង់ឲ្យឆាប់មកស្រុកខ្មែរវិញ។ ទាក់ទងទៅនឹងជំនឿលើអាភូតហេតុធម្មជាតិដូចជាមានរន្ទះបាញ់កំពូលចេតិយព្រះវិហារ​ព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកមិនកើតទុរ្ភិក្ស មានចលាចលវឹកវរ។ ដំណើររឿងនេះ បានបង្ហាញនូវជំនឿខ្មែរនៅពេលដែលក្រុមបាតុករសម្លាប់បាដេសបានហើយក៏នាំគ្នាចង់នៅសម្លាប់បារាំងនៅទីក្រុងកំពង់ឆ្នាំងឲ្យអស់តែត្រូវបរាជ័យ និងត្រូវបានបារាំងចាប់ដាក់គុក​ ដូរភូមិក្រាំងលាវឲ្យទៅជាភូមិតិរច្ឆាន់់់។ អ្នកស្រុកមួយចំនួនរត់ទៅពួននៅក្នុងភ្នំតាបាស ព្រះនាងគង្ហីងជួយបាំងបិទដោយយកដីរយលើក្បាលខណៈពេលរត់គេចខ្លួនពីទាហានបារាំង។ ទន្ទឹមនឹងនោះដែរ ក្នុងរឿង “ទុំទាវ” ក៏ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលបានបង្ហាញពី​វប្បធម៌ខ្មែរដ៏សម្បូរបែបដែលទាក់ទងទៅនឹងលក្ខណៈជាតិ និងអត្តសញ្ញាណជាតិរបស់ខ្មែរនាសម័យលង្វែក។ ខ្មែរយើងមានទម្លាប់មួយ បើអ្នកមានកូនប្រុសចង់បានចំណេះដឹងត្រូវឲ្យកូន​ទៅសាងផ្នួសបួសជាសាមណេរ ដូចនេនទុំ និងនេនពេជ្រ គឺបួសដើម្បីសងគុណម្តាយ​បើបួសជាភិក្ខុ គឺបួសដើម្បីសងគុណឪពុក​ និងទាក់ទងទៅនឹងកូនស្រី អ្នកនិពន្ធក៏បានបង្ហាញករណីកូនស្រីពេញវ័យត្រូវចូលម្លប់ ករណីដូចនាងទាវ។ ទាក់ទងទៅនឹងជំនឿនេះដែរ​​ ប្រជាជនខ្មែរយើង​សម័យនោះជឿទៅលើការទាយជើងលេខ ទស្សន៍ទាយទំនាយហោទាយពីជោគជតារាសី ដូចករណីនេនទុំសុំគ្រូសឹកតែលោកគ្រូចៅអធិការហាមមិនឲ្យសឹកព្រោះលោកគ្រូបានទាយជើងលេខឲ្យដឹងថា បើសឹកខែបុស្សនឹងមានគ្រោះ។ និងករណីក្រោយពីបានទៅស្មូតនៅផ្ទះ នាងទាវ​ក្រោមការនិមន្តរបស់យាយម្ដាយទាវ ទុំក៏ឆ្លៀតពេលនោះក្រឡេកឃើញនាងទាវ ភ្លាមក៏សូត្រមន្តអាគមន៍ដាក់ស្នេហ៍នាងទាវ “មន្តសារិកាលិនថោង”។ ពីទំនៀមទម្លាប់ ប្រពៃណី ផ្នត់គំនិត “នំមិនធំជាងនាឡិ” និងពិធីចូលចែចូវស្ដីដណ្ដឹង នឹងធ្វើអាពាហ៍ពិពាហ៍នៅផ្ទះខាងស្រី ដូចករណីអរជូនចូលមកដណ្ដឹងនាងទាវឲ្យម៉ឺនងួនជាកូនមានបណ្ដាការ មានទាំងចៅមហាមកចែចូវស្ដីដណ្ដឹង។ ក្រោយមកទៀត យើងឃើញថាយាយម្តាយទាវបានបំបែកនាងទាវពីទុំដែលស្ដេចរាមាបានរៀបការឲ្យ ហើយគេឃើញថាខាងប្រុសអរជូន ម៉ឺនងួន  មកការនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញ គេឃើញសង្គមខ្មែរសម័យលង្វែកផ្ដោតជំនឿ លើព្រះពុទ្ធសាសនានិកាយហីនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ព្រះពុទ្ធសាសនានេះដែរ។ ស្នាដៃអក្សរសិល្ប៍រឿង “រាមកេរ្តិ៍” គឺជារឿងរ៉ាវដែលបានបង្ហាញឲ្យឃើញហើយពីតថភាពនៃសង្គមខ្មែរ របៀបរបបក្នុងការរស់នៅ ហើយអ្នកនិពន្ធបានលើកយក នូវពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាងសម្បូរបែប​ និងរំលេចនូវសកម្មភាពពិធីខ្មែរមានប្រាំ​យ៉ាង  តែងតែប្រារព្ធធ្វើតៗគ្នាជារៀងរហូតមកមានដូចជា ជំនឿសាសនា ការជ្រើសរើសគូស្រករ ការចិញ្ចឹមបីបាច់ អប់រំថែរក្សាកូនចៅជាដើម។ ខ្មែរជាជាតិសាសន៍មួយដែលមានដើមកំណើត និងអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ហេតុនេះហើយបានជាដូនតាខ្មែរបានបន្សល់ទុកនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ដែលមានកត់ត្រាក្នុងគម្ពីរក្បួន ខ្នាត សិលា ចារឹក ជាពិសេសនៅក្នុងអត្ថបទអក្សរសិល្ប៍។ ក្នុងនោះយើងឃើញមានដូចជា ពិធីច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យប្រពៃណីជាតិមួយដែលព្រះរាជាខ្មែរគ្រប់ជំនាន់ប្រារព្ធធ្វើគ្រប់ៗជំនាន់នាថ្ងៃបួនរោចខែពិសាខ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន សុភមង្គល សុំទឹកភ្លៀង និងព្យាករពីទឹកភ្លៀង និងដំណាំផ្សេងៗថានឹងទទួលទិន្នផលច្រើន ឬតិច។ ទោះយ៉ាងព្រះជនកជាបិតាចិញ្ចឹមរបស់នាងសីតា នៅពេលដែលព្រះអង្គធ្វើប្រារព្ធធ្វើពិធីច្រត់ព្រះនង្គ័លបានឃើញទារកមួយផុសចេញពីដីអាចម៍បំណាស់ ព្រះអង្គក៍រើសយកមកចិញ្ចឹមហៅថា នាងសីតា។ ម្យ៉ាងទៀត ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរយើងតែងប្រារព្ធនៅផ្ទះខាងស្រី ខណៈព្រះរាមបានចូលរួមប្រកួតប្រជែងលើកធ្នូសរទទួលបានជ័យជម្នះលើអស់គូប្រកួត។ ព្រះជនក៏លើកនាងសីតាឲ្យរៀបអភិសេកជាមួយព្រះរាមដោយយាងព្រះបិតាព្រះមាតាខាងព្រះរាមមករៀបមង្គលការតាមពាក្យសត្យ។ ចំណុចនេះ ខ្មែរយើងចង់បញ្ជាក់ថាខ្មែរគោរពពាក្យសច្ចៈតាមការសន្យាដែលខ្លួនបានព្រមព្រៀងរួចមកហើយ។ ចំណុចមួយទៀត ក្រោយពីរៀបអភិសេករបស់ព្រះរាមរួចមក​ មានទំនាស់ទាក់ទងទៅនឹងការឡើងស្នងរាជ្យសម្បត្តិដោយព្រះបាទទសរថចង់ឲ្យព្រះរាមសោយរាជ្យគោរពតាមបវេណីនៃក្សត្រ តែត្រូវនាងកៃកេសីជំទាស់ទាមទារឲ្យព្រះភិរុតជាប្អូន​របស់ព្រះរាមឡើងសោយរាជ្យ ដោយព្រះបាទទសរថបានសន្យាជាមួយនាងកៃកេសីច្បាំងឈ្នះព្រះអាទិត្យនឹងឲ្យកូននាងឡើងសោយរាជ្យ។ ដោយសារការគោរពពាក្យសន្យានេះ ព្រះរាមសុខចិត្តទៅបួសនៅព្រៃអស់រយៈពេលដប់បួនឆ្នាំដូចដែលបានសន្យាជាមួយនាងកៃកេសី។ ក្នុងរឿងនេះទៀតសោត ក៏បានបង្ហាញពីផ្នត់គំនិត ជំនឿសាសនារបស់ខ្មែរដែលជឿលើអាទិទេព ជឿថាអាចមានយក្សជាដើម។

​ សរុបមក វប្បធម៌ខ្មែរបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតប្រាកដមែន។

ឆ្លងតាមការបកស្រាយរបស់ប្រធានខាងលើនេះ យើងអាចសន្និដ្ឋានទស្សនៈរបស់ប្រធានបានថា ពិតជាមានអត្ថន័យល្អជ្រៀលជ្រៅ។ ព្រោះបានអប់រំឲ្យយុវជនខ្មែរចេះថែរក្សា ការពារវប្បធម៌ជាតិ និងបានបង្ហាញនូវអ្វីដែលសុទ្ធតែជាអត្តសញ្ញាណជាតិរបស់យើង។

ដូចនេះ ក្នុងនាមជាខេរបុត្រកូនខ្មែរជំនាន់ក្រោយ គប្បីខិតខំប្រឹងប្រែងសិក្សា និងខំថែរក្សាការពារកេរមរតកដែលជាបេតិកភណ្ឌរបស់ជាតិកុំឲ្យជាតិសាសន៍ដទៃលួចបាន។

Scroll to Top