តាំងពីដើមមក មនុស្សតែងតែរស់នៅជាក្រុម មានការវិវឌ្ឍរីកចម្រើនទៅតាមសម័យកាលនីមួយៗដែលប្រែក្លាយទៅជាសង្គមរហូតដល់ជាជាតិមួយ។ សង្គមមូយមានទំនៀមទម្លាប់ ភាសា ផ្នត់គំនិតប្រហាក់ប្រហែលគ្នា ដែលបានរួមសហភាពគ្នា ហៅថាជាតិ។ ក្នុងជាតិនីមួយៗមានលក្ខណៈពិសេសរបស់ខ្លួនប្លែកពីជាតិដទៃ។ ដូចអក្សរសិល្ប៍ដែលមានភារៈកិច្ចឆ្លុះបញ្ចាំងពីតថភាពសង្គម ក៏ដូចជាលក្ខណពិសេសប្រទេសជាតិនីមួយៗដែរ។ ហេតុនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា: “លក្ខណៈជាតិ ជាលក្ខណពិសេសរបស់អក្សរសិល្ប៍”។
តើទស្សនៈខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ?
ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើ យើងគប្បីយកនូវពាក្យគន្លឹះមួយចំនួន “លក្ខណៈជាតិ លក្ខណពិសេសរបស់អក្សរសិល្ប៍” និងអត្ថន័យប្រធានជាសិន។ កន្សោមពាក្យ លក្ខណៈជាតិ គឺជាស្នាដៃអក្សរសិល្ប៍ ទាំងឡាយណាដែលទ្រទ្រង់ព្រលឹងជាតិឲ្យស្ថិតស្ថេរជានិរន្តន៍។ ឯ លក្ខណពិសេសរបស់អក្សរសិល្ប៍ សំដៅតម្លៃពិសេសរបស់ជាតិមួយដែលខុសប្លែកពីបរទេស តាំងពីជំនឿ ទំនៀមទម្លាប់ ប្រពៃណី ទស្សនៈ ចិត្តគំនិត និងអាកប្បកិរិយាផ្សេងៗ។ អត្ថន័យរបស់ប្រធានយល់ឃើញថា លក្ខណៈជាតិនៃអក្សរសិល្ប៍ គឺជាលក្ខណពិសេសរបស់ជាតិមួយដែកលេចធ្លោខុសពីជាតិដ៏ទៃ ហើយស្តែងចេញតាមរយៈអក្សរសិល្ប៍។
ជាការពិតណាស់ អក្សរសិល្ប៍ប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីតថភាពរបស់សង្គមជាតិមួយ តាំងពីទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា និងផ្នត់គំនិតដោយផ្អែកទៅលើស្នាដៃអក្សរសិល្ប៍។ តួយ៉ាងក្នុង “រឿង ទុំទាវ” អ្នកនិពន្ធ ព្រះភិក្ខុសោម បានលើកឡើងពីជីវភាពរស់នៅរបស់ប្រជាជននាសម័យលង្វែកមកពណ៌នា ចោទ និងដោះស្រាយ ដូចករណីក្នុងការជ្រើសរើសគូស្រករទុកដាក់កូនចៅ និងការចូលម្លប់របស់កូនស្រី។ យើងឃើញថាសម័យនោះ ឪពុកម្តាយភាគច្រើនមានទស្សនៈប្រកាន់ខ្ជាប់គឺ “នំមិនធំជាងនាឡិ” ក្នុងន័យប្រកាន់ថាកូនស្រីគ្មានសិទ្ធិក្នុងការតវ៉ា ឬក្នុងការជ្រើសរើសគូស្រករដោយខ្លួនឯងទេ។ ចំណែកខាងកូនប្រុស បើចង់ឲ្យមានចំណេះដឹងត្រូវទៅបួសរៀននៅឯវត្ត។ ករណីតួអង្គទុំ ម្តាយបានយកទៅផ្ញើនឹងចៅអធិការវត្ត បើលោកគ្រូពេញចិត្តយល់ថាក្មេង នោះជាក្មេងឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ទើបបួស។ ក្នុងរឿងដដែលនេះ អ្នកនិពន្ធបានបង្ហាញពីប្រពៃណីពិធីចែកចូវស្ដីដណ្ដឹងរៀបការ “នៅផ្ទះខាងស្រី” និងពីព្រះមហាក្សត្រ ព្រះរាមាជើងព្រៃ បានរៀបការឲ្យទុំ និងទាវបានគ្នាជាស្វាមីភរិយា។ បើនិយាយពីសិល្បៈ និងតន្ត្រី គេឃើញមានប្រើប៉ីជាឧបករណ៍តន្ត្រីនិងស្មូត គឺនេនពេជ្រពូកែផ្លុំប៉ី។ រីឯសិប្បកម្មគឺមានតោក នង្គ័ល រនាស់ ត្បាញ រវ៉ៃ។ ផ្នែកឧស្សាហកម្ម គេឃើញមានទឹកអប់ សាប៊ូ នៅពេលដែលនេនទុំនិមន្តទៅស្មូតនៅផ្ទះនាងទាវ។ ទាក់ទងទៅនឹងជំនឿ គេឃើញមានការ ទស្សន៍ទាយទាក់ទងនឹងបញ្ហាកម្មផល មន្តអាគមគាថាដែលក្នុងនោះមានជំនឿផ្នែកព្រះពុទ្ធ សាសនាមែន តែជះឥទ្ធិពលព្រហ្មញ្ញសាសនាដែលមានប្រើមន្តអាគមគាថា។ ទោះយ៉ាងណា លោកគ្រូចៅអធិការហាមមិនឲ្យសឹកនៅខែបុស្សទេ ព្រោះគន់គូរជើងលេខទៅត្រូវទំនាយថា ទុំពាននឹងងាប់ (ស្លាប់តៃហោង)។ ចំណុចនេះឯងដែលបញ្ជាក់ថាទុំស្លាប់ព្រោះមិនជឿទំនាយគ្រូ។ ដោយឡែកក្នុង “រឿង ភូមិតិរច្ឆាន” ក៏បានបង្ហាញពីលក្ខណៈជាតិព្រោះបានឆ្លុះបញ្ចាំងឲ្យឃើញនូវព្រឹត្តិការណ៍បាតុភូតសង្គម និងបាតុភូតធម្មជាតិ។ ក្នុងសម័យកាលដែលពួកអាណានិគមពាក់ផ្លាកជាអាណាព្យាបាលប្រទេសខ្មែរ។ នៅក្នុងអត្ថបទអក្សរសិល្ប៍ រឿងភូមិតិរច្ឆាន នេះ អ្នកនិពន្ធបានបង្ហាញពីចលនាតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ការពារសម្បត្តិវប្បធម៌ជាតិ និងប្រឆាំងទប់ទល់ជាមួយនឹងពួកអាណានិគមនិយមបារាំង។ ក្នុងវិស័យវប្បធម៌ អ្នកនិពន្ធពីរនាក់បងប្អូនគឺ លោក ឌឹកគាម និងលោក ឌឿកអំ បានរួមគ្នាឆ្លុះបញ្ចាំងពីសង្គមខ្មែរក្រោមការត្រួតត្រាបរទេស(បារាំង)។ ទាក់ទងទៅផ្នែកជំនឿដោយសារប្រទេសមានការអន់ថយវិទ្យាសាស្ដ្រ មិនទាន់រីកចម្រើន ប្រជាជនខ្មែរយើងជឿលើវត្ថុស័ក្តិសិទ្ធិ ថាមានអនុភាពបានសុខ ឬមានទុក្ខបាន។នៅពេលបារាំងប្រមូលប្រជាជាតិខ្មែរកេណ្ឌធ្វើជាទាហានច្បាំងជាមួយអាល្លឺម៉ង់ដែលកំពុងមានសង្គ្រាមជាមួយបារាំងនោះ ទាហានទាំងនោះ បារាំងបានយកទៅដាក់ក្នុងព្រះវិហារព្រះកែវមរកត ដោយសារពួកទាហានទាំងនោះច្រើនមាន ជំងឺចុកពោះ ក្អួត រាគរុស ក្ដៅ រងា ដោយគេជឿថាពួកទាហានទាំងនោះលេងសើចច្រើន ស្រែកឡូឡាធ្វើឲ្យវត្ថុស័ក្តិសិទ្ធិខឹងសម្បា។ ចំពោះបាតុភូតធម្មជាតិ គេក៍មានជំនឿទៅលើដែរ ដូចជារន្ទះបាញ់កំពូលចេតិយវិហារព្រះកែវមរកតថាស្រុកខ្មែរមានចលាចលវឹកវរ កើតទុរ្ភិក្ស។ មានផ្កាយដុះកន្ទុយជឿថា ស្រុកមានសង្គ្រាម។ ទាក់ទងទៅនឹងការសិក្សាអប់រំ អ្នកនិពន្ធក៏ពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ តែគេឃើញថាប្រជាជនចេះអាន (អានព្រះរាជប្រកាស) ចេះសរសេរ (សរសេរបញ្ញត្តិ) ប្រហែលជាការសិក្សាប្រព្រឹត្តទៅតាមវត្តអារាម។ នៅទីក្រុងមានរៀនភាសាបារាំង (លោក តាំងម៉ៅ ជាមេធាវីថី សួន ចេះបកប្រែភាសាបារាំង) និងរៀនច្បាប់ទៀតផង។ ឯព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនជឿនិងគោរព ដូចជា នៅពេលបាដេសជិតស្លាប់ មេឃុំប៉ាលបានឲ្យធម៌ (ពុទ្ធោ! ធម្មោ! សង្ឃោ!) ដល់បុគ្គលបាដេស។ ទាក់ទងទៅនឹងកីឡាល្បែងកម្សាន្ត ក៍អ្នកនិពន្ធបានលើកមកពណ៌នាដែរ។ ពេលខែចេត្រ ចូលឆ្នាំ ប្រជាជននៅស្រុកស្រែចម្ការចូលចិត្តលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូក លោតអន្ទាក់ ចាប់កូនខ្លែង។ ឯអ្នកសង្វាតវិជ្ជាគុន ចម្បាំងក៏ឆ្លៀតស្កាត់ជួបគ្នា នៅពេលយប់ដែរ ដើម្បីសាកល្បងចំពោះនិងរបស់ខ្លួនជាមួយមិត្ដភក្ដិ ប្រយោជន៍ធ្វើឲ្យថ្នឹកនូវ មុខវិជ្ជាដែលខ្លួនបានរៀនហើយ។ ទាំងនេះជាល្បែងដែលខ្មែរយើងនិយម។ ទាក់ទងវិស័យសង្គមធម៌ អ្នកនិពន្ធបង្ហាញពីប្រជាជនជាតិ យើងនិយមអនុវត្តក្នុងជីវភាពរស់នៅគឺធ្វើរបបកសិកម្ម ធ្វើស្រែចម្ការ ច្បារដំណាំដូចជា ដាំឈូក ដាំឪឡឹក ពោត សណ្ដែក ល្ង ជាដើម។ ខ្លះទៀតឡើងត្នោត ធ្វើស្ករត្នោត។
សរុបមក លក្ខណៈជាតិជាលក្ខណពិសេសរបស់អក្សរសិល្ប៍ យ៉ាងពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយរួចមកខាងលើ យើងអាចសន្និដ្ឋានបានថា ទស្សនៈរបស់ប្រធានពិតជាមានអត្ថន័យល្អរជ្រាលជ្រៅមែន។ ព្រោះបានបង្ហាញឲ្យយើងឃើញពីចលនាអក្សរសិល្ប៍ដែលជាស្នាដៃដ៏មានតម្លៃរបស់ជាតិមួយដែលខុសប្លែកពីបរទេសតាំងពី ជំនឿ ប្រពៃណី សាសនា ទំនៀមទម្លាប់ ទស្សនៈ ចិត្តគំនិត និងអាកប្បកិរិយាផ្សេងៗឲ្យស្ថិតស្ថេរជានិរន្តន៍។
ដូចនេះ ក្នុងនាមជាខេមរៈបុត្រកូនខ្មែរ ជាសិក្សានុសិស្សត្រូវខិតខំសិក្សាសា្នដៃអក្សរសិល្ប៍ខ្មែរ ដើម្បីទ្រទ្រង់នូវវប្បធម៌ខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សជាដរាប។