ប្រទេសជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ វប្បធម៌ អរិយធម៌ខ្មែរយ៉ាងច្រើនដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយឲ្យបានដឹង បានយល់ និងស្គាល់។ ជុំវិញបញ្ហានេះហើយ ទើបមានពំនោលមួយ: “បុព្វបុរសខ្មែរបានបន្សល់ទុកកេរមរតកជាច្រើនដល់កូនចៅជំនាន់ក្រោយ”។
តើចំណុចត្រង់ណាខ្លះ ដែលឆ្លើយតបទៅនឹងពំនោលខាងលើ?
ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការបកស្រាយនូវពំនោលខាងលើ យើងគប្បីត្រូវយល់នូវពាក្យគន្លឹះ “បុព្វបុរស កេរមរតក “ និងអត្ថន័យនៃប្រធានជាមុនសិន។ កន្សោមពាក្យ បុព្វបុរស គឺបុរសខាងដើម បុរសពីមុន ដូនតា និងពួកញាតិទាំងអស់ ទោះប្រុសក្ដី ស្រីក្ដីដែលទៅកាន់បរលោក ហើយមានរាប់តាំងពីជីដូនជីតា ទួត លួតលាឡើងទៅ។ ឯ កេរមរតក: គឺជាដំណែល ជាសម្បត្តិរបស់ដូនតា ឬមាតាបិតាជាដើម ពោលគឺជាទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ( ទ្រព្យដំណែល ឬ ទ្រព្យសម្បត្តិរបស់បុគ្គលស្លាប់ )។ អត្ថន័យនៃប្រធានយល់ឃើញថា បុរសខាងដើម បុរសពីមុន ដូនតា និងពួកញាតិទាំងអស់បានបន្សល់ទុកនូវដំណែល ឬ ទ្រព្យសម្បត្តិជាច្រើនមកដល់កូនចៅជំនាន់ក្រោយ។
ជាការពិតណាស់ កេរដំណែលរបស់បុព្វបុរសខ្មែរ បានខិតខំតស៊ូកសាងនូវរបស់របរដល់កូនចៅជំនាន់ក្រោយជាច្រើន។ ក្នុងនោះ គេឃើញមានផ្នែកស្ថាបត្យកម្ម ដែលមានច្រើនដេរដាស។ នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេសមានប្រាសាទអង្គរវត្តប្រាសាទបាយ័ន អង្គរធំ អង្គរតូច ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្មប្រាសាទបន្ទាយស្រី កោះកេរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកដែលជាមរតកវប្បធម៌ជាតិ។ ស្នាដៃដ៏ពិសិដ្ឋរបស់ដូនតាខ្មែរយើងនេះ លោកបានកសាងតាំងពីបុព្វកាកមានសារៈប្រយោជន៍យ៉ាងច្រើនសម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗទទួលផលជាទីពេញចិត្ត និងដោយមោទនភាពក្រៃលែង។ ថែមទាំងអាចយកនូវមរតកទាំងនោះទៅបញ្ជាក់ក្នុងបេតិកភណ្ឌពិភពលោកសម្រាប់តំណាងឲ្យប្រទេសកម្ពុជានឹងត្រូវបានចាត់ទុកជានិមិត្តរូប និងផ្តល់មោទនភាពក្រៃលែង។ ចាត់ទុកជាដួងព្រលឹងជាតិខ្មែរគ្រប់ជំនាន់ ហើយបានទាញយកផលប្រយោជន៍ជាច្រើនដូចជាទាក់ទាញបានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនា ដោយនាំមកនូវថវិកាជាច្រើនសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងស្ថាបត្យកម្ម បុព្វបុរសខ្មែរ លោកបានបន្សល់ទុកទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរ៍ ដែលបានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់រស់នៅ ការស្លៀកពាក់ និងបានបង្ហាញពីវប្បធម៌ អរិយធមដ៏ឧត្តុងឧត្តមរបស់ខ្មែរ។ ផ្នែកជំនឿសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ដែលបានកសាងព្រះបដិមា តំណាងអាទិទេពជាច្រើនដើម្បីកុំឲ្យមានទំនាស់សាសនា ប្រជាជនរស់នៅដោយមានសន្តិភាព និងមានការអភិវឌ្ឍ។ ផ្នែកតន្ដ្រី ភ្លេងសិល្បៈវិញមានច្រើនមុខ ច្រើនប្រភេទដូចជា ដំ ដេញ គោះ ទះ វាយ កេះ កូត ផ្លុំជាដើម។ ហើយភ្លេងទាំងនោះប្រើសម្រាប់ពិធីមង្កលការ ពិធីបុណ្យសាសនាដែលញ៉ាំងឲ្យបរិយាកាសកាន់តែអ៊ូអរ អ៊ឹកធឹក។ មានភ្លេងសម្រាប់បរិយាកាសស្រងេះស្រងោត លន្លង់លន្លោចក្នុងពិធីតម្កល់សព ហែលសពបូជា។ ផ្នែករបាំខ្មែរ បុព្វបុរសខ្មែរបានបង្កើតរបាំបុរាណមានភាពល្អឥតខ្ចោះ មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ គឺរបាំអប្សរា។ គេប្រៀបប្រដូចថាជាទេវតា បង្កើតអ្នកប្រាជ្ញខាងផ្នែកសិល្បៈបានចាប់ជាបេតិកភណ្ឌវប្បធម៌អរូបី សម្បត្តិរបស់មនុស្សជាតិនៅថ្ងៃទីបីខែវិច្ឆិកាឆ្នាំពីរពាន់បីក្នុងចំណោមរបាំទាំងអស់មានតែរបាំអប្សរានេះទេ ខែលចាត់ធ្វើឲ្យពិភពលោកស្គាល់ខ្មែរជាងគេ។ ផ្នែកកសិកម្ម ខ្មែរមានកសាងប្រព័ន្ធធារាសាស្ត្រ ខ្វាត់ខ្វែងសម្រាប់បម្រើឲ្យវិស័យកសិកម្មហើយទទួលទិន្នផលខ្ពស់ជាទីគាប់ចិត្តសម្រាប់ចិញ្ចឹមជីរិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឲ្យបានគ្រប់គ្រាន់ និងជួយឲ្យប្រជាជនមានជីវភាពធូរធារ ចាកផុតពីភាពក្រីក្រ ប្រទេសមានការអភិវឌ្ឍន៍។ ផ្នែកសេដ្ឋកិច្ច ខ្មែរសម័យនោះមានភាពរុងរឿង ប្រជាជនគ្មានភាពក្រីក្រ សេដ្ឋកិច្ចរីកចម្រើន មានធ្វើពាណិជ្ជជាមួយប្រទេសជាសម្ព័ន្ធមិត្តមានឥណ្ឌូចិនជាដើម។ ផ្នែកសុខាភិបាល ព្រះរាជាសម័យនោះបានកសាងនូវមន្ទីរពេទ្យសម្រាប់ជួយដល់ការព្យាបាលសុខភាពប្រជារាស្ត្រ មានគ្រូពេទ្យប្រកបដោយសីលធម៌និងមានសមត្ថភាពខ្ពស់សម្រាប់ជួយព្យាបាលជំងឺប្រជាជន។ ផ្នែកវិស័យអប់រំសម័យនោះសម្បូរទៅដោយអ្នកប្រាជ្ញ រាជបណ្ឌិត អ្នកខ្លះជារាជគ្រូ ខ្លះជាបុរោហិត ព្រមទាំងមានគម្ពីរក្បួនច្បាប់ជាច្រើនសម្រាប់សិក្សា មានសាលាតាំងពីកុមារដ្ឋាន បឋម អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យជាច្រើនទៀតសម្រាប់បម្រើការសិក្សានាសម័យនោះ។ ដោយឡែកសម្បត្តិធម្មជាតិ ប្រទេសកម្ពុជាយើងសម្បូរទៅដោយទឹកដីព្រៃព្រឹក្សា។ លតាវល្លិ៍ លតាម្រឹគមាន ទោច ស្វា ព្រៃ ជ្រោះ ជ្រលងដងអូរ ម្រឹគីម្រឹគា បក្សាបក្សី សត្វចតុបាតមាន សត្វស្រុក សត្វព្រៃរស់នៅជាមួយបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង មានទាំងសមុទ្រ ទន្លេ មានត្រីប្រឹក្សា ត្រីប្រៃគ្មានអ្វីប្រដូចបានដែលធ្វើឲ្យអ្នកទេសចរណ៍ថតជាខ្សែភាពយន្តជាឯកសារផ្សព្វផ្សាយទៅក្រៅប្រទេស កាន់តែធ្វើឲ្យជនជាតិបរទេសមួយចំនួនកោតសរសើរដោយថា មានខ្មែរបុព្វបុរសខ្មែរយើង គាត់មានគំនិតអភិរក្សទុកជាកេរដំណែលឲ្យកូនចៅជំនាន់ក្រោយ និងប្រទេសជាតិ។
សរុបមក បុព្វបុរសខ្មែរបានបន្សល់ទុកកេរមរតកជាច្រើនដល់កូនចៅជំនាន់ក្រោយពិតមែន។
ឆ្លងតាមការបកស្រាយពំនោលខាងលើមក យើងអាចសន្និដ្ឋានបានថាពិតជាមានអត្ថន័យជ្រាលជ្រៅ។ ព្រោះបានបណ្ដុះនូវស្មារតីកូនខ្មែរគ្រប់រូបឲ្យជួយថែរក្សា ការពារកេរដំណែលដែលដូនតាបានបន្សល់ទុកឲ្យ និងបានបង្កើតឲ្យយើងមិនត្រូវភ្លើតភ្លើនភ្លេចជាតិរបស់ខ្លួន។
ដូចនេះ ក្នុងនាមជាខេមរៈបុត្រត្រូវតែខិតខំប្រឹងប្រែងសិក្សាក្រេបយកចំណេះដឹងឲ្យបានជ្រៅជ្រះ ដើម្បីចេះច្នៃប្រឌិត យកគំរូតាមវីរភាពរបស់បុព្វបុរសយើងឆ្ពោះទៅកសាងប្រទេសជាតិ ហើយបន្តវេនថែរក្សា ការពារកេរមរតកទាំងនោះឲ្យបានឋិតឋេរ គង់វង្សជាអមតៈ។