ប្រធាន: មានទស្សនៈមួយលើកថា៖ “ភាសាខ្មែរ ជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងខ្មែរ”។ ចូរបង្ហាញផ្អែកលើភាសានិយាយ និងភាសាសរសេរ។

គ្រប់ប្រទេសទាំងអស់មានភាសាមួយដែលតំណាងឲ្យជាតិរបស់ខ្លួន។​ វាជាមធ្យោបាយក្នុងការសម្គាល់ពីលក្ខណៈជាតិ​នីមួយៗដែលលាតត្រដាងពីមនោសញ្ចាតិនា​ ចិត្តគំនិត និងអត្តសញ្ញាណជាតិ។ ហេតុនេះហើយបានជាមានទស្សនៈមួយលើកឡើងថា៖ “ភាសាខ្មែរ ជាកញ្ចុះឆ្លុះបញ្ចាំងពីព្រលឹងខ្មែរ”។

តើទស្សនៈខាងលើនេះ មានអត្ថន័យដូចម្ដេចខ្លះ?

​ ដើម្បីជាមូលដ្ជានគ្រឹះក្នុងការបកស្រាយនូវប្រធានបទខាងលើ យើងគប្បីយល់នូវពាក្យគន្លឹំះមួយចំនួន “ភាសាខ្មែរ កញ្ចក់ឆ្លុះបញ្ចាំង ព្រលឹងខ្មែរ” និងអត្ថន័យនៃប្រធានសិន។ កន្សោមពាក្យ ភាសាខ្មែរ គឺជាភាសាកំណើតរបស់ប្រជាជនខ្មែរ​ ប្រើប្រាស់អក្សរខ្មែរក្នុងការសរសេរ និងនិយាយ។ រីឯ កញ្ចក់ឆ្លុះបញ្ចាំង សំដៅលើឧបករណ៍បង្ហាញឲ្យឃើញ។ ចំណែក ព្រលឹងខ្មែរ មានន័យថាជាលក្ខណៈសម្បត្តិពិសេសមួយរបស់ខ្មែរដែលមិនសាបសូន្យ។ អត្ថន័យនៃប្រធានមានន័យថា ភាសាកំណើតរបស់ប្រជាជនខ្មែរ​ ប្រើប្រាស់អក្សរខ្មែរក្នុងការសរសេរ និងនិយាយ គឺជាឧបករណ៍បង្ហាញឲ្យឃើញពីលក្ខណៈសម្បត្តិពិសេសមួយរបស់ខ្មែរដែលមិនសាបសូន្យ។

ជាការពិតណាស់ ភាសាខ្មែរបានបង្ហាញពីលក្ខណៈជាតិរបស់ជនជាតិខ្មែរដែលមានលក្ខណៈខុសពីជាតិដទៃ។ លក្ខណៈជាតិនៃភាសាខ្មែរមានភាពសមស្របទៅតាមលក្ខណៈភូមិសាស្រ្ត សមស្របទៅតាមពលកម្មមនុស្សខ្មែរដែលបានធ្វើទៅលើភូមិសាស្រ្តនោះ ពោលគឺមានភាសានិយាយប្រមាណជាងពីរពាន់ឆ្នាំមុនម្លេះ។ ផ្អែកលើភាសានិយាយ បានបង្ហាញឲ្យជាតិដទៃយល់ច្បាស់ពីចិត្តគំនិតរបស់ខ្មែរ ថាជាជាតិមួយមានចរិយាទន់ភ្លន់ សុខភាពរាបសា ស្លូតបូត រស់រាយរាក់ទាន់។ ជាពូជពង្សដ៍ចំណាស់ជាងគេលើលោក មានដូនតារស់នៅលើទឹកដីតាំងពីសម័យបុរេប្រវត្តិ។ ជាជាតិមួយប្រកាន់ឆន្ទៈល្អប្រសើរ ដោយមិនចេះបង្ករឿង រស់នៅស្ថៀមស្ងប់ សម្បូរវោហារទាក់ទងគ្រប់ផ្នែក អង់អាចក្លាហាន។ ជនជាតិខ្មែរ បង្ហាញនូវាកម្មភាពល្អៗ ចេះគិតគូរវែងឆ្ងាយ ធ្វើអ្វីមានលំនាំបែបបទត្រឹមត្រូវ និងចេះបត់បែងតាមកាលៈទេសៈ។ រីងភាសាសរសេរវិញ បុព្វបុរសខ្មែរយើងបានបង្កើតនូវអក្សរខ្មែរ ដោយលោកបានយកចិត្តដាក់ក្នុងការរៀបចំក្បួនវេយ្យាករណ៍ ក៍ដូចជាការសរសេរដោយមានភាពផ្ចិតផ្ចង់ រក្សាតួអក្សរឲ្យត្រឹមតាមអក្ខរាវិរុទ្ធសម្រាប់កូនខ្មែរងាយស្រួលក្នុងការសរសេរ និងរៀនសូត្រ។ នៅក្នុងភាសាខ្មែរ បានលាយនូវល្បាយភាសាបរទេសមួយចំនួន ជាភាសាកម្ចីបានមកពីភាសាបាលីសំស្រ្កឹត ចូលតាមឥទ្ធិពលនៃព្រាហ្មណ៍សាសនា និងភាសាបាលី តាមឥទ្ធិពលនៃព្រះពុទ្ធសាស ដែលមានប្រភពពីប្រទេសឥណ្ឌា។ ក៍ដូចជាកម្ចីភាសាបារាំងតាមរយៈការដាក់នឹមអាណានិគមនិយមបារាំងលើទឹកដីខ្មែរអស់ជិតមួយសតវត្ស។ លើសពីនេះ មានកម្ចីភាសាចិន ថៃ និងវៀតណាមតាមការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។ បើយើងក្រឡេកមកមើលអក្សរសិល្ប៍ រឿង “ទុំទាវ” របស់អ្នកនិពន្ធ ភិក្ខុសោម បានបង្ហាញពីតួអង្គនេនទុំ និង នេនពេជ្រ បានរៀនចេះនូវចំណេះដឹងខាងមន្តអាគម និងប្រើឧបករណ៍ប្រើប្រាស់ដូចជា តោក រនាស់ នង្គ័លជាដើម។ នៅពេលនេនទាំងពីសុំលោកគ្រូចៅអធិការទៅស្រុកត្បូងឃ្មុំ បានឃើញថានេនទុំចេះស្មូត និងបានស្មូតដើម្បីទាក់ទាញពុទ្ធបរិស័ទមកជួយទិញរបស់របរ។ ចំណែករឿង “ភូមិតិរច្ឆាន” តាកតែងដោយអ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ បានបង្ហាញពីសម័យកាលដែលទឹកដីខ្មែរស្ថិតក្រោមអាណានិគមនិយមបារាំង។ ក្នុងសម័យនោះ ប្រជាជនខ្មែររងទុក្ខវេទនា និងត្រូវបានចំណាសកម្លាំងញើសឈាមដើម្បីបង់ពន្ធ។ ថែមទាំងបារាំងព្យាយាមលុបបំបាត់ភាសារបស់ជាតិខ្លួន ហើយមករៀនពីភាសាបារាំងវិញ។

សរុបសេចក្ដីមក ភាសាខ្មែរ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងខ្មែរពិតប្រាកដមែន។

ឆ្លងតាមការបកស្រាយរួចមកខាងលើ យើងអាចសន្និដ្ឋានបានថាទស្សនខាងលើពិតជាមានអត្ថន័យ ល្អជ្រៅជ្រៅ ព្រោះឲ្យខេមរៈបុត្រខ្មែរស្គាល់ពីតម្លៃវិសេសវិសាលនៃជាតិខ្មែរបានបង្កើតភាសានិយាយ សរសេរប្រចាំជាតិ។

ដូចនេះ ក្នុងនាមជាខេមរៈបុត្រខ្មែរ ត្រូវរួមគ្នាថែរក្សាលើកតម្កើងភាសាជាតិឲ្យល្អប្រសើរ នោះនឹងញ៉ាំងឲ្យជាតិខ្មែររុងរឿង។ ភ្ជាប់ខ្លួននិងពិភពលោកធ្វើឲ្យមនុស្សសរសើរស្ងប់ស្ងែង ពុំហ៊ានប្រមាថមើលងាយ។

Scroll to Top