គ្រប់ជាតិសាសន៍ទាំងអស់មាននូវគ្រឿងសម្គាល់ផ្សេងៗ ដែលជាការបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់មនុស្សដទៃនៅក្នុងពិភពលោក។ យ៉ាងណាមិញ ប្រទេសកម្ពុជាយើង គឺជាជាតិសាសន៍មួយក្នុងចំណោមប្រទេសនានាលើពិភពលោក ពិសេសនៅជ្រោយឥណ្ឌូចិន គឺជាប្រទេសមួយដែលមាន វប្បធម៌ អរិយធម៌ចំណាស់ជាងរាប់ពាន់ឆ្នាំមកហើយៗ។ ជាប្រទេសដែលមានកេរ្តិ៍ឈ្មោះ បោះសំឡេងលើផ្នែកវប្បធម៌ទៀតផង។ ដោយយល់ឃើញដូចនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា៖ “វប្បធម៌ខ្មែរបង្ហាញពី អត្តសញ្ញាណជាតិខ្មែរ”។
តើទស្សនៈខាងលើបានបង្កប់នូវអត្ថន័យនិងខ្លឹមសារអ្វីខ្លះ?
ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើ យើងគប្បី យល់នូវពាក្យគន្លឹះ “វប្បធម៌ អត្តសញ្ញាណជាតិ” និងអត្ថន័យនៃប្រធានជាមុនសិន។ កន្សោមពាក្យ វប្បធម៌ គឺការសាបព្រោះនូវចំណេះដឹង ឬការបណ្តុះផ្សាំងតាមរយៈការសិក្សាអប់រំ ឬអ្វីៗដែលធ្វើឲ្យមានការរីកចម្រើនលូតលាស់គ្រប់វិស័យ។ ចំណែក អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់របស់ជាតិតាំងពីដើមរៀងមក។ អត្ថន័យប្រធានមានន័យថា គ្រឿងសម្គាល់របស់ជាតិដែលរួមមាន ប្រពៃណី ជំនឿ សាសនា ផ្នត់គំនិត របាំ ទំនៀមទម្លាប់ សំណង់ ស្ថាបត្យកម្មបុរាណ អក្សរសាស្ត្រភាសា អក្សរសិល្ប៍ត្រូវបានចាត់ទុកជាវប្បធម៌។
ជាការពិតណាស់ ប្រទេសនីមួយៗ ឬជនជាតិនីមួយៗសុទ្ធតែមានវប្បធម៌សម្រាប់ជាតិសាសន៍របស់ខ្លួនយ៉ាងច្បាស់លាស់ទោះបីគេទៅរស់នៅទីណាក៏ដោយ។ ដោយសារតែការភ្ជាប់គ្នារវាងវប្បធម៌ដែលបានកត់ត្រាពីអតីតកាលដោយមានលក្ខណៈនៃការរស់នៅ និងបែបបទជាច្រើនផ្សេងៗគ្នា។ បើក្រឡេកទៅមើលវប្បធម៌ខ្មែរយើងវិញ គឺបានផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា ជួយផ្សព្វផ្សាយ និងលើកតម្កើងអរិយធម៌ជាតិលើឆាកអន្តរជាតិដែលប្រទេសដទៃមិនអាចចម្លងបាន។ វប្បធម៌ខ្មែរក៏មានទំនាក់ទំនងទៅនឹងប្រវត្តិសាស្ត្រតាមសម័យកាលនីមួយៗដែលបង្កើតបានជាកំណត់ត្រាដ៏សំខាន់សម្រាប់សម្គាល់ជាតិដែរ។ យ៉ាងណាមិញ ប្រជាជនខ្មែរយើងនាសម័យអង្គរមានគំនិតច្នៃប្រឌិត និងមានវិស្វកម្មកម្រិតខ្ពស់អស្ចារ្យក្រោមការដឹកនាំរបស់ព្រះបាទសូរិយវរ្ម័នទីពីរ និងព្រះបាទជ័យវរ្ម័នទីប្រាំពីរ។ អាណាចក្រខ្មែរបាន រីកចម្រើនលូតលាស់គ្រប់វិស័យ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនព្រមទាំងកសាងប្រាសាទធំៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំជីសូរ។ ស្ថាបត្យកម្មសម័យអង្គរនេះ មានរចនាបទភ្នំគូលែន រចនាបថព្រះគោ រចនាបថព្រះកែវ រចនាបទបាខែន។ ខ្មែរជាជាតិសាសន៍ឧស្សាហ៍ព្យាយាមរៀនសូត្រ មានគម្ពីរក្បួនខ្នាត អក្សរសិល្ប៍ អក្សរសាស្ត្រ ច្បាប់ មានមហាវិទ្យាល័យ មន្ទីរពេទ្យ សាលា ដំណាក់ អ្នកប្រាជ្ញ កវី បណ្ឌិត។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ព្រះនាងឥន្ទ្រទេវី គឺជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទីប្រាំពីរ ដែលព្រះនាងជាអ្នកក្រើនរំឭកដាស់តឿនឲ្យព្រះបាទជ័យវរ្ម័នទីប្រាំពីរគ្រប់គ្រងនគរដោយទសពិធរាជធម៌។ ព្រះនាងបានកសាងសាកលវិទ្យាល័យអក្សរសាស្ត្រជាតិបានរីកចម្រើនលូតលាស់ដោយបង្កើតសាលាបាលីជាន់ខ្ពស់ បង្កើតវង់ល្ខោនជាដើម។ ព្រះនាងក៍ជាអ្នកនិពន្ធ សិលាចារឹក និងមានជំនាញផ្នែកភាសាសំស្ក្រឹត និងបរិមត្ថវិជ្ជា និងយកចិត្តទុកដាក់ទៅលើស្ត្រីភេទជាខ្លាំង។ ក្នុងសម័យនោះ គេឃើញមានបណ្ឌិតសិវសោម យតិអមរភាវ ទិវាករ ករិន្រ្ទ ភូបេន្រ្ទ។ ម្យ៉ាងទៀត ព្រះនាងលីវយីមានគុណសម្បត្តិច្រើនអណ្ណែតទាំងចំណេះដឹង ភាពក្លាហាន ឆន្ទៈជាតិនិយម រូបសម្បត្តិ និងពូជពង្សក្នុងការបង្រួបបង្រួមជាតិ ព្រមទាំងការបង្កើនតម្លៃស្ដ្រីក្នុងបរិបទវប្បធម៍ជាតិ។ ព្រះនាងលីវយីក៏បានលើកស្ទួយភាសាជាតិ អក្សរ សាស្ត្រ អក្សរសិល្ប៍ ព្រមទាំងលើកតម្កើងស្ត្រីនាសម័យអង្គរផងដែរ។ ព្រះនាងជាម្ចាស់ក្សត្រីនៃនគរដំបូងគេ ហើយក៏ជាស្ដេចស្រីដំបូងគេនៅនគរហ្វូណនផងដែរ។ ជាក់ស្ដែងបើយើងក្រឡេកមកមើលសង្គមខ្មែរបច្ចុប្បន្ន យើងឃើញថាប្រជាជនខ្មែរគ្រប់រូបមិនថាប្រុសស្រី ក្មេង ឬចាស់នោះទេ ម្នាក់ៗគឺសុទ្ធតែបានខិតខំប្រឹងប្រែងថែរក្សា ការពារវប្បធម៌ អរិយធម៌ ដែលជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ យើងឃើញថាមានកូនខ្មែរជាច្រើនបានបង្ហាញនូវអត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិតាមរយៈការចែករំលែកវប្បធម៌ សិល្បៈ របាំ ការ ប្រកួតប្រជែងជាច្រើនរាប់មិនអស់។ មួយក្នុងចំណោមការប្រកួតប្រជែងទាំងអស់ យើងឃើញថាមានការប្រកួតប្រជែងបវរកញ្ញាអន្តរជាតិដែលកូនខ្មែរបានពាំនាំឈុតតំណាងជាតិ មានវីដេអូរបស់ប្រទេសនានាបូករួមជាមួយសម្លៀកបំពាក់ដែលកែច្នៃឡើងដោយស្នាដៃកូនខ្មែរ រំលេចនូវវប្បធម៌ អក្សរសាស្ត្រដ៏ល្អគ្មានពីរនៅលើសម្លៀកបំពាក់ដែលបវរកញ្ញាស្លៀកចូលទៅប្រកួតនៅឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកដឹងថា នេះជាអត្តសញ្ញាណជាតិរបស់ខ្មែរ។ លើសពីនេះទៅទៀត ខ្មែរជំនាន់ក្រោយជាច្រើនបាននិពន្ធរឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិសាស្ត្រដើម្បីយកទៅប្រកួតក្នុងមហោស្រពពិភពលោក។ មិនត្រឹមតែនិពន្ធរឿងប៉ុណ្ណោះទេ កូនខ្មែរក៏បាននិពន្ធបទចម្រៀងដែលមានអត្ថន័យទាក់ទងទៅនឹងវប្បធម៌ សិល្បៈ ជាពិសេសបទចម្រៀងទាំងនោះបានបង្ហាញពីល្បែងប្រជាប្រិយខ្មែរ សម្លៀកបំពាក់ សិលាចារឹករបាំ សិល្បៈ ចម្រៀង អាយ៉ៃឆ្លើយឆ្លងដែលទាំងនោះគឺសុទ្ធតែជាអត្តសញ្ញាណខ្មែរ។ ដោយឡែកក្នុងអក្សរសិល្ប៍រឿង “ភូមិតិរច្ឆាន” អ្នកនិពន្ធបានលើកយកតម្លៃរបស់ជាតិមកបង្ហាញក្នុង ដំណើររឿងទាក់ទងនឹងសីលធម៌ ជំនឿ ទំនៀមទម្លាប់ សាសនា និងអ្វីៗដែលជាអត្តសញ្ញាណជាតិ ដើម្បីបណ្តុះគំនិតស្រឡាញ់ អភិរក្ស ការពារ អភិវឌ្ឍអរិយធម៌របស់ជាតិ។ ទាក់ទងទៅនឹងរឿងនេះដដែល តាមរយៈជំនឿជាទូទៅខ្មែរយើងតែងតែជឿទៅលើវត្ថុស័ក្តិសិទ្ធិមានទម្លាប់ក្នុងការបន់ស្រន់បួងសួង ដូចករណីពួកទាហានកើតជំងឺគ្រុន ចុករាក គ្រុនក្ដៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមាត់កនិយាយផ្ដេសផ្ដាស ដែលមិនគោរពវត្ថុស័ក្តិសិទ្ធិនៅក្នុងវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់នេះ គេឃើញមាននារីខ្មែរខ្លះដែលមានសង្សារចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំង បានបន់ស្រន់ដល់ព្រះអង្គដងកាលឲ្យគ្រួសារ សង្សារដែលជួយច្បាំងបារាំង ព្រោះបារាំងមានជម្លោះជាមួយអាល្លឺម៉ង់ឲ្យឆាប់មកស្រុកខ្មែរវិញ។ ទាក់ទងទៅនឹងជំនឿលើអាភូតហេតុធម្មជាតិដូចជាមានរន្ទះបាញ់កំពូលចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកមិនកើតទុរ្ភិក្ស មានចលាចលវឹកវរ។ ដំណើររឿងនេះ បានបង្ហាញនូវជំនឿខ្មែរនៅពេលដែលក្រុមបាតុករសម្លាប់បាដេសបានហើយក៏នាំគ្នាចង់នៅសម្លាប់បារាំងនៅទីក្រុងកំពង់ឆ្នាំងឲ្យអស់តែត្រូវបរាជ័យ និងត្រូវបានបារាំងចាប់ដាក់គុក ដូរភូមិក្រាំងលាវឲ្យទៅជាភូមិតិរច្ឆាន់់់។ អ្នកស្រុកមួយចំនួនរត់ទៅពួននៅក្នុងភ្នំតាបាស ព្រះនាងគង្ហីងជួយបាំងបិទដោយយកដីរយលើក្បាលខណៈពេលរត់គេចខ្លួនពីទាហានបារាំង។ ទន្ទឹមនឹងនោះដែរ ក្នុងរឿង “ទុំទាវ” ក៏ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលបានបង្ហាញពីវប្បធម៌ខ្មែរដ៏សម្បូរបែបដែលទាក់ទងទៅនឹងលក្ខណៈជាតិ និងអត្តសញ្ញាណជាតិរបស់ខ្មែរនាសម័យលង្វែក។ ខ្មែរយើងមានទម្លាប់មួយ បើអ្នកមានកូនប្រុសចង់បានចំណេះដឹងត្រូវឲ្យកូនទៅសាងផ្នួសបួសជាសាមណេរ ដូចនេនទុំ និងនេនពេជ្រ គឺបួសដើម្បីសងគុណម្តាយបើបួសជាភិក្ខុ គឺបួសដើម្បីសងគុណឪពុក និងទាក់ទងទៅនឹងកូនស្រី អ្នកនិពន្ធក៏បានបង្ហាញករណីកូនស្រីពេញវ័យត្រូវចូលម្លប់ ករណីដូចនាងទាវ។ ទាក់ទងទៅនឹងជំនឿនេះដែរ ប្រជាជនខ្មែរយើងសម័យនោះជឿទៅលើការទាយជើងលេខ ទស្សន៍ទាយទំនាយហោទាយពីជោគជតារាសី ដូចករណីនេនទុំសុំគ្រូសឹកតែលោកគ្រូចៅអធិការហាមមិនឲ្យសឹកព្រោះលោកគ្រូបានទាយជើងលេខឲ្យដឹងថា បើសឹកខែបុស្សនឹងមានគ្រោះ។ និងករណីក្រោយពីបានទៅស្មូតនៅផ្ទះ នាងទាវក្រោមការនិមន្តរបស់យាយម្ដាយទាវ ទុំក៏ឆ្លៀតពេលនោះក្រឡេកឃើញនាងទាវ ភ្លាមក៏សូត្រមន្តអាគមន៍ដាក់ស្នេហ៍នាងទាវ “មន្តសារិកាលិនថោង”។ ពីទំនៀមទម្លាប់ ប្រពៃណី ផ្នត់គំនិត “នំមិនធំជាងនាឡិ” និងពិធីចូលចែចូវស្ដីដណ្ដឹង នឹងធ្វើអាពាហ៍ពិពាហ៍នៅផ្ទះខាងស្រី ដូចករណីអរជូនចូលមកដណ្ដឹងនាងទាវឲ្យម៉ឺនងួនជាកូនមានបណ្ដាការ មានទាំងចៅមហាមកចែចូវស្ដីដណ្ដឹង។ ក្រោយមកទៀត យើងឃើញថាយាយម្តាយទាវបានបំបែកនាងទាវពីទុំដែលស្ដេចរាមាបានរៀបការឲ្យ ហើយគេឃើញថាខាងប្រុសអរជូន ម៉ឺនងួន មកការនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញ គេឃើញសង្គមខ្មែរសម័យលង្វែកផ្ដោតជំនឿ លើព្រះពុទ្ធសាសនានិកាយហីនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ព្រះពុទ្ធសាសនានេះដែរ។ ស្នាដៃអក្សរសិល្ប៍រឿង “រាមកេរ្តិ៍” គឺជារឿងរ៉ាវដែលបានបង្ហាញឲ្យឃើញហើយពីតថភាពនៃសង្គមខ្មែរ របៀបរបបក្នុងការរស់នៅ ហើយអ្នកនិពន្ធបានលើកយក នូវពីទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយ៉ាងសម្បូរបែប និងរំលេចនូវសកម្មភាពពិធីខ្មែរមានប្រាំយ៉ាង តែងតែប្រារព្ធធ្វើតៗគ្នាជារៀងរហូតមកមានដូចជា ជំនឿសាសនា ការជ្រើសរើសគូស្រករ ការចិញ្ចឹមបីបាច់ អប់រំថែរក្សាកូនចៅជាដើម។ ខ្មែរជាជាតិសាសន៍មួយដែលមានដើមកំណើត និងអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ហេតុនេះហើយបានជាដូនតាខ្មែរបានបន្សល់ទុកនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អរិយធម៌ដែលមានកត់ត្រាក្នុងគម្ពីរក្បួន ខ្នាត សិលា ចារឹក ជាពិសេសនៅក្នុងអត្ថបទអក្សរសិល្ប៍។ ក្នុងនោះយើងឃើញមានដូចជា ពិធីច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យប្រពៃណីជាតិមួយដែលព្រះរាជាខ្មែរគ្រប់ជំនាន់ប្រារព្ធធ្វើគ្រប់ៗជំនាន់នាថ្ងៃបួនរោចខែពិសាខ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន សុភមង្គល សុំទឹកភ្លៀង និងព្យាករពីទឹកភ្លៀង និងដំណាំផ្សេងៗថានឹងទទួលទិន្នផលច្រើន ឬតិច។ ទោះយ៉ាងព្រះជនកជាបិតាចិញ្ចឹមរបស់នាងសីតា នៅពេលដែលព្រះអង្គធ្វើប្រារព្ធធ្វើពិធីច្រត់ព្រះនង្គ័លបានឃើញទារកមួយផុសចេញពីដីអាចម៍បំណាស់ ព្រះអង្គក៍រើសយកមកចិញ្ចឹមហៅថា នាងសីតា។ ម្យ៉ាងទៀត ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរយើងតែងប្រារព្ធនៅផ្ទះខាងស្រី ខណៈព្រះរាមបានចូលរួមប្រកួតប្រជែងលើកធ្នូសរទទួលបានជ័យជម្នះលើអស់គូប្រកួត។ ព្រះជនក៏លើកនាងសីតាឲ្យរៀបអភិសេកជាមួយព្រះរាមដោយយាងព្រះបិតាព្រះមាតាខាងព្រះរាមមករៀបមង្គលការតាមពាក្យសត្យ។ ចំណុចនេះ ខ្មែរយើងចង់បញ្ជាក់ថាខ្មែរគោរពពាក្យសច្ចៈតាមការសន្យាដែលខ្លួនបានព្រមព្រៀងរួចមកហើយ។ ចំណុចមួយទៀត ក្រោយពីរៀបអភិសេករបស់ព្រះរាមរួចមក មានទំនាស់ទាក់ទងទៅនឹងការឡើងស្នងរាជ្យសម្បត្តិដោយព្រះបាទទសរថចង់ឲ្យព្រះរាមសោយរាជ្យគោរពតាមបវេណីនៃក្សត្រ តែត្រូវនាងកៃកេសីជំទាស់ទាមទារឲ្យព្រះភិរុតជាប្អូនរបស់ព្រះរាមឡើងសោយរាជ្យ ដោយព្រះបាទទសរថបានសន្យាជាមួយនាងកៃកេសីច្បាំងឈ្នះព្រះអាទិត្យនឹងឲ្យកូននាងឡើងសោយរាជ្យ។ ដោយសារការគោរពពាក្យសន្យានេះ ព្រះរាមសុខចិត្តទៅបួសនៅព្រៃអស់រយៈពេលដប់បួនឆ្នាំដូចដែលបានសន្យាជាមួយនាងកៃកេសី។ ក្នុងរឿងនេះទៀតសោត ក៏បានបង្ហាញពីផ្នត់គំនិត ជំនឿសាសនារបស់ខ្មែរដែលជឿលើអាទិទេព ជឿថាអាចមានយក្សជាដើម។
សរុបមក វប្បធម៌ខ្មែរបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយរបស់ប្រធានខាងលើនេះ យើងអាចសន្និដ្ឋានទស្សនៈរបស់ប្រធានបានថា ពិតជាមានអត្ថន័យល្អជ្រៀលជ្រៅ។ ព្រោះបានអប់រំឲ្យយុវជនខ្មែរចេះថែរក្សា ការពារវប្បធម៌ជាតិ និងបានបង្ហាញនូវអ្វីដែលសុទ្ធតែជាអត្តសញ្ញាណជាតិរបស់យើង។
ដូចនេះ ក្នុងនាមជាខេរបុត្រកូនខ្មែរជំនាន់ក្រោយ គប្បីខិតខំប្រឹងប្រែងសិក្សា និងខំថែរក្សាការពារកេរមរតកដែលជាបេតិកភណ្ឌរបស់ជាតិកុំឲ្យជាតិសាសន៍ដទៃលួចបាន។